តួរគី ៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលទួរគីលោក ហ្វារេតទីន កូកា បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសទួរគីបាន បញ្ជូននាវា១គ្រឿងដែលផ្ទុកទៅដោយបរិក្ខារមន្ទីរពេទ្យចល័ត រថយន្ដគិលានសង្រ្គោះ និងម៉ាស៊ីនភ្លើងទៅប្រទេសអេហ្ស៊ីប ដែលកំពុងដឹកជញ្ជូនជំនួយមនុស្សធម៌ទៅឲ្យជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។
លោកកូកា បាននិយាយថា នាវានេះកំពុងដឹកបរិក្ខារវេជ្ជសាស្ត្រ៥១កុងតេន័រ ម៉ាស៊ីនភ្លើង គ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ដ ម៉ាស៊ីនភ្លើង និងរថយន្ដគិលានសង្រ្គោះ២០គ្រឿង ត្រូវគេរំពឹងថានឹងទៅដល់កំពង់ផែ
អាល់ អារីស(Al Arish) ប្រទេសអេហ្ស៊ីប នៅថ្ងៃសៅរ៍ ដោយបន្ថែមថា មន្ទីរពេទ្យចល័ត និងរថយន្ដគិលានសង្រ្គោះ ត្រូវបានគ្រោងនឹងដាក់ពង្រាយទៅកាន់តំបន់ហ្កាហ្សា ឬ ចំណុចព្រំដែនដែលជិតជាងគេបំផុតរវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប។
កាលពីខែមុន ប្រទេសទួរគីបានបញ្ជូនយន្ដហោះដឹកទំនិញដែលមានដឹកម៉ាស៊ីនភ្លើង បរិក្ខារវេជ្ជសាស្រ្ដ និងគ្រឿងផ្គត់ផ្គង់សម្រាប់តំបន់ហ្កាហ្សា ដោយឆ្លងកាត់ប្រទេសអេហ្ស៊ីប។តាំងពីខែតុលាមក ក្បួនដឹកជញ្ជូនជាច្រើន បានចូលទៅក្នុងតំបន់ហ្កាហ្សា ជាបន្ដបន្ទាប់ ប៉ុន្ដែ អង្គការសហប្រជាជាតិ និងក្រុមផ្ដល់ជំនួយអន្ដរជាតិ បាននិយាយថា ជំនួយដែលផ្ដល់ឲ្យនេះ គឺគ្មានកន្លែងណាឲ្យជួយបន្ធូរបន្ថយគ្រោះមហន្ដរាយផ្នែកមនុស្សធម៌បានឡើយ៕

