ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា, នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្សនាពេលកន្លងមក។
លោក Will Parks បានថ្លែងអបអរសាទរ និងជូនពរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែលឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថា អង្គការ UNICEF បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។
គួរបញ្ជាក់ផងដែរថា នៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីអង្គការ UNICEF ក្រសួងសុខាភិបាល បានអនុវត្តនូវផែនការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យគួរជាទីមោទនៈ គាំទ្រក្រសួងសុខាភិបាល ដូចជា៖ បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងអនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួន បន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយ តិចជាង ១%។ បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់គោលដៅ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារអង្គការ UNICEF ប្រចាំនៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ រដ្ឋា










