
ប្រព័ន្ធផ្សព្វផ្សាយ Al Qahera បានរាយការណ៍ថា អ្នកកាន់លិខិតឆ្លងដែនបរទេសរាប់រយនាក់មកពីតំបន់ហ្កាហ្សា បានទៅដល់ច្រកឆ្លងកាត់ Rafah របស់ប្រទេសអេហ្ស៊ីបហើយ នៅថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) នេះ ដោយគេចចេញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជ្រោយនេះ។
ប្រភពសន្តិសុខ និងក្រុមពេទ្យរបស់អេហ្ស៊ីប បានឲ្យដឹងថា ការជម្លៀសចេញពីតំបន់ហ្កាហ្សាស្ទ្រីបចូលទៅក្នុងប្រទេសអេហ្ស៊ីប សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស និងពលរដ្ឋប៉ាឡេស្ទីន ដែលត្រូវការការព្យាបាលខាងវេជ្ជសាស្ត្រ បានចាប់ផ្ដើមឡើងវិញ តាមរយៈច្រក Rafah កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) បន្ទាប់ពីផ្អាកមួយថ្ងៃ។
ការជម្លៀសចេញពីតំបន់ហ្កាហ្សាតាមរយៈច្រក Rafah បានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេសប្រមាណ ៧.០០០នាក់ អ្នកមានសញ្ជាតិ២ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ក៏ដូចជាចំនួនមនុស្សមានកំណត់ដែលត្រូវការការព្យាបាលជាបន្ទាន់។ ច្រក Rafah ក៏ជាច្រកចេញចូលតែមួយគត់ សម្រាប់ជំនួយមនុស្សធម៌ ដែលនឹងត្រូវចូលទៅក្នុងហ្កាហ្សា៕