កីឡារាំ៖ ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត ឲ្យសហព័ន្ធកីឡាជាតិទាំងអស់ធ្វើការប្រមូលផ្ដុំ ហ្វឹកហាត់ក្រុមជម្រើសជាតិលក្ខណៈបិទទ្វារហើយក្ដី តែកីឡាមួយចំនួននៅមិនទាន់អាចដំណើរការប្រមូលផ្ដុំបាននោះទេ ដោយសារបញ្ហាជំងឺកូវីដ-១៩ ជាក់ស្ដែងកីឡារាំនៅតែមានបញ្ហាប្រឈមជាច្រើន ដ្បិតពួកគេនៅបន្ដធ្វើការហ្វឹកហាត់តាមផ្ទះរៀងៗខ្លួននៅឡើយ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា ដំបូងឡើយបន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល សហព័ន្ធគ្រោងដំណើរការប្រមូលផ្ដុំលក្ខណៈចង្អៀតឡើងវិញ នៅអគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តែដោយសារក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាលបានសម្រេចយក អគារសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ធ្វើឲ្យគម្រោងប្រមូលផ្ដុំនេះត្រូវពន្យាពេលទៀត។ លោកស្រីបន្ដថា ការអូសបន្លាយនៃជំងឺកូវីដ-១៩ ក៏ដូចជាការខកខានប្រមូលផ្ដុំនេះ បានធ្វើឲ្យការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡារាំកម្ពុជាជួបការលំបាកច្រើន ពិសេសសម្រាប់ក្រុមការងារគ្រូបង្វឹក ដែលពិបាកក្នុងការតាមដានបច្ចេកទេស និងការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីម្នាក់ៗ ដ្បិតកីឡារាំត្រូវហ្វឹកហាត់ និងរាំជាគូ ក៏ដូចជាការហ្វឹកហាត់ជាមួយឧបករណ៍កញ្ចក់ធំៗ ដើម្បីងាយស្រួលតាមដានបច្ចេកទេសរបស់ខ្លួនជាដើម។
ដោយហេតុនេះ អគ្គលេខាធិការសហព័ន្ធដដែលបានសម្ដែង នូវក្ដីបារម្ភមួយចំនួនជុំវិញផែនការត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម។ តែយ៉ាងណាសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីម្នាក់ៗបាននឹងកំពុងព្យាយាមយ៉ាងខ្លាំង ទោះបីត្រូវហ្វឹកហាត់តាមផ្ទះ ឬកន្លែងមានសុវត្ថិភាពរៀងៗខ្លួនក្ដី ដើម្បីរក្សា និងពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាប្រចាំតំបន់នេះ ពិសេសដើម្បីត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕
អត្ថបទ៖ លី ឈុនឡា