អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ថា កុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់១០នាទីម្តងនៅតំបន់ហ្កាហ្សា ដោយព្រមានថាគ្មានកន្លែងណាសុវត្ថិភាពនោះទេ។

លោកនិយាយថា ពាក់កណ្តាលនៃមន្ទីរពេទ្យចំនួន ៣៦កន្លែងនៅតំបន់ហ្កាហ្សា និងពីរភាគបីនៃមណ្ឌលថែទាំសុខភាពបឋមនៅតំបន់នេះ មិនដំណើរការទេ ហើយនៅកន្លែងដែលកំពុងដំណើរការគឺហួសពីសមត្ថភាពរបស់ពួកគេ ដោយពណ៌នាអំពីប្រព័ន្ធថែទាំសុខភាពថា «វាស្ទើតែដួលរលំ» ។

លោក Ghebreyesus បានថ្លែងទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបថា «ច្រករបៀងមន្ទីរពេទ្យចង្អៀតដោយអ្នករងរបួស អ្នកជំងឺ និងអ្នកស្លាប់។ បន្ទប់ដាក់សពពេញហៀរ។ ចំណែកការវះកាត់ ធ្វើឡើងដោយគ្មានការប្រើថ្នាំស្ពឹក។ អ្នកជម្លៀសខ្លួនរាប់ម៉ឺននាក់ ស្នាក់នៅក្នុងមន្ទីរពេទ្យ។
អ៊ីស្រាអែល បានវាយលុកលើតំបន់ហ្កាហ្សា ជាតំបន់ហ៊ុមព័ទ្ធមួយមានប្រជាជន ២,៣លាននាក់ ពីលើអាកាស ដោយបានដាក់ការហ៊ុមព័ទ្ធ និងបានបើកការវាយលុកលុយតាមដីគោក។
លោក Ghebreyesus និយាយថា «ជាមធ្យម កុមារម្នាក់ត្រូវបានសម្លាប់រៀងរាល់ ១០ នាទីម្តងនៅក្នុងតំបន់ហ្កាហ្សា»។ លោក Ghebreyesus បាននិយាយថា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក អង្គការសុខភាពពិភពលោក បានផ្ទៀងផ្ទាត់ការវាយប្រហារមានច្រើនជាង ២៥០លើក មកលើទីតាំងថែទាំសុខភាពនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank ខណៈមានការវាយប្រហារចំនួន ២៥ លើក លើទីតាំងថែទាំសុខភាពនៅក្នុងប្រទេសអ៊ីស្រាអែល។
អ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់លាក់ទុកអាវុធនៅក្នុងផ្លូវរូងក្រោមដីក្រោមមន្ទីរពេទ្យ ដែលការចោទប្រកាន់នេះក្រុមហាម៉ាស់បានបដិសេធ។
ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Gilad Erdan បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា អ៊ីស្រាអែលបានបង្កើតក្រុមការងារមួយដើម្បីបង្កើតមន្ទីរពេទ្យនៅភាគខាងត្បូងតំបន់ តំបន់ហ្កាហ្សា។