ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ថា បុគ្គលិករបស់អង្គការសហប្រជាជាតិជាង ១០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់ផ្តើមនៅក្នុងតំបន់ហ្កាហ្សា ដែលធ្វើឲ្យវាក្លាយជាជម្លោះមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានសម្រាប់អង្គការសហប្រជាជាតិក្នុងអំឡុងពេលខ្លីបែបនេះ។

ទីភ្នាក់ងារ UNRWA បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សមួយចំនួនបានស្លាប់ដោយកំពុងឈរតម្រង់ជួរទទួលនំប៉័ង ខណៈអ្នកផ្សេងទៀតបានស្លាប់រួមជាមួយក្រុមគ្រួសាររបស់ពួកគេនៅក្នុងលំនៅឋាន ក្នុងពេលសង្រ្គាមពីលើអាកាសនិងតាមដីគោកដ៏មហន្តរាយរបស់អ៊ីស្រាអែលមកលើក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាមានប្រជាជនរស់នៅច្រើន ដែលបានបន្តការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ។

លោក Philippe Lazzarini បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ដោយត្រូវបានបំផ្លិចបំផ្លាញ បុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ជាង ១០០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ក្នុងរយៈពេល ១ ខែមកនេះ មានទាំងឪពុកម្តាយ គ្រូបង្រៀន គិលានុបដ្ឋាក វេជ្ជបណ្ឌិត និងបុគ្គលិកគាំទ្រ។ ទីភ្នាក់ងារ UNRWAកំពុងកាន់ទុក្ខ ពលរដ្ឋប៉ាឡេស្ទីនកាន់ទុក្ខ ពលរដ្ឋអ៊ីស្រាអែលក៏កាន់ទុក្ខ។
ស្ថាប័នពិភពលោកមួយនេះ បាននិយាយថា បុគ្គលិករបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោកនឹងស្ថិតនៅក្នុងភាពស្ងៀមស្ងាត់មួយនាទី ហើយទង់ជាតិនឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដងនៅថ្ងៃច័ន្ទ។ អ៊ីស្រាអែល បានបន្ទោសក្រុមហាម៉ាស់ចំពោះការស្លាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ដោយនិយាយថាក្រុមនេះប្រើប្រាស់ប្រជាជនជាខែលការពារ និងលាក់ទុកអាវុធ និងឧបករណ៍នៅជុំវិញមន្ទីរពេទ្យដែលត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែក។