កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅជាច្រើនទីតាំងនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ហើយវីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញពីផ្សែងហុយឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបាញ់ឆ្លងព្រំដែន។

តំបន់នេះ បានស្ថិតលើការបង្កើនការប្រុងប្រយ័ត្នអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីក្រុមហេសបូឡាអ៊ីស្លាមនិយមលីបង់ បាននិយាយថា ខ្លួនបានបាញ់មីស៊ីលហួសព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានឆ្លើយតបវិញដោយការបាញ់កាំភ្លើងធំ។

អំពើហឹង្សា នៅព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល គឺជាការសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៦មក ខណៈអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន របស់ក្រុមហេសបូឡា នៅតំបន់ហ្កាហ្សា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។
មន្ត្រីសន្តិសុខប្រទេសលីបង់ បាននិយាយថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនប្រទេសលីបង់ បានសម្លាប់អ្នកប្រយុទ្ធក្រុមហេសបូឡាជាង ៦០ នាក់ និងជនស៊ីវិល ១០ នាក់ ។ យ៉ាងហោចណាស់ ទាហានអ៊ីស្រាអែល ៧នាក់ និងជនស៊ីវិលម្នាក់ បានស្លាប់។