រដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានបង្ហោះវីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីយោធារបស់ខ្លួន ដុតបន្ទាយរដ្ឋាភិបាលនៅក្នុងពន្ធនាគារ Kalay ភាគខាងជើងសហភាពមីយ៉ាន់ម៉ា។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតដោយឯករាជ្យនោះទេ។

យោងតាមរដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានឲ្យដឹងថា ទីក្រុងជាច្រើននៅក្នុងតំបន់ Sagaing ស្ថិតនៅក្រោមការវាយលុកខ្លាំង ខណៈជម្លោះកាន់តែរីកធំឡើងរវាងរដ្ឋាភិបាលយោធា និងក្រុមអ្នកការតស៊ូ។

នៅតំបន់ Sagaing កងកម្លាំងការពារប្រជាជន(PDF) ជាផ្នែកមួយនៃរដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានដណ្តើមការគ្រប់គ្រងប៉ុស្តិ៍ជួរមុខរបស់កងទ័ព។
ក្នុងពេលជាមួយគ្នានេះដែរ សម្ព័ន្ធបងប្អូនទាំងបី ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច បានសម្រុកវាយលុកយ៉ាងខ្លាំងនៅរដ្ឋ Shan ភាគខាងជើង ក្បែរព្រំដែនជាមួយប្រទេសចិន។
របបយោធាមីយ៉ាន់ម៉ា បច្ចុប្បន្ននេះ ប្រឈមមុខនឹងបញ្ហាធំបំផុតរបស់ខ្លួនចំពោះអំណាច ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ខណៈកងកម្លាំងប្រដាប់អាវុធបដិវត្តន៍និងជនជាតិភាគតិច បង្កើនការវាយប្រហាររបស់ពួកគេទៅលើមូលដ្ឋានយោធាជាច្រើនទីតាំងនៅទូទាំងភាគខាងជើង ភាគឦសាន ភាគពាយព្យ និងនៅភាគអាគ្នេយ៍របស់ប្រទេស។