បាល់ទះ៖ លោក ទែន ឡន មន្ដ្រីអាជ្ញាកណ្ដាលនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបានជ្រើសរើសជាអាជ្ញាកណ្ដាលបាល់ទះអន្តរជាតិ របស់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការសិក្សា និងការធ្វើតេស្ដសមត្ថភាពជាច្រើនលើកកន្លងមក។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ទែន ឡន គឺជាជនជាតិខ្មែរដំបូងដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ជ្រើសរើសជាអាជ្ញាកណ្ដាលបាល់ទះអន្តរជាតិ ហើយលោកក៏នឹងមានឱកាសចេញទៅ ដឹកនាំការប្រកួតអន្តរជាតិនានា ពិសេសការប្រកួតកម្រិតតំបន់អាស៊ាន និងទ្វីបអាស៊ីតែម្ដង។ ជុំវិញការក្លាយជាសមាជិកមន្ត្រីបច្ចេកទេស ពិសេសអាជ្ញាកណ្ដាលដែលទទួលស្គាល់ ដោយសហព័ន្ធអន្តរជាតិនេះគឺជាផ្នែកមួយសំខាន់ នៃផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិ CAMSOC ដែលតែងជំរុញសហព័ន្ធកីឡាជាតិនីមួយៗ ក្នុងការផលិតធនធានមន្ដ្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីសម្រួចទិសដៅឆ្ពោះទៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា