ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យយុវជនចាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដែលស្របតាមបដិវត្ដន៍ឧស្សាហកម្ម៤.០។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ វិស័យបច្ចេកវិទ្យា នឹងបញ្ជ្រាបចូលនៅគ្រប់ទីកន្លែងទាំងអស់តែម្ដង បន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ដែលតម្រូវឱ្យយុវជនត្រូវមានចំណេះ និងជំនាញច្បាស់លាស់។ ឯកឧត្តម បានលើកឡើងថា យុវជន ឬកម្មករនិយោជិត ត្រូវចេះបង្កើនសមត្ថភាព និងជំនាញ មុននឹងចូល និងបំពេញការងារនៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីអាចមានសមត្ថភាពទាំងជំនាញ និងបច្ចេកវិទ្យាក្នុងការបំពេញការងារមានម៉ាស៊ីនទំនើប និងប្រើប្រាស់កុំព្យូទ័របានយ៉ាងងាយស្រួល។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ហេង សួរ បានស្នើឱ្យក្រុមហ៊ុន និងរោងចក្រសហគ្រាស សុំចូលរួមសហការឱ្យបុគ្គលិករបស់ខ្លួនមានឱកាស ដើម្បីចេញទៅបន្ដការសិក្សារៀនសូត្រជំនាញបន្ថែមផងដែរ។ ដោយឡែក ក្រសួងក៏នឹងខិតខំផ្ដល់ឱកាសបណ្ដុះបណ្ដាលបុគ្គលិក និងកម្មករនៅពេលយប់ ឬចុងសប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពជូនពួកគាត់ផងដែរ ព្រោះថា ក្រោយការបណ្ដុះបណ្ដាលរួច ពួកគាត់អាចបំពេញការងារជូនក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ស្វែងរកបុគ្គលិកជំនាញទៀតនោះទេ។
សូមរម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់គោលការណ៍ថា ត្រូវរៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ ដែលជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារផងដែរ។
សូមបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ សម្តេចធិបតី នឹងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី






