ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ និងឡាវ សរុបចំនួន៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម ។
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ និងឡាវ សរុបចំនួន ៣នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រតិបត្តិការចុះបង្ក្រាបនេះ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាដោយនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការដឹកនាំផ្ទាល់ដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នគរបាលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក.៧ ក.៤ និង ក.១ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលបន្ថែមថា ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ ២.ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។ វត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ហៅកាត់ថា ICE ចំនួន ១០១កញ្ចប់ ស្មើទម្ងន់ ១០១គីឡូ ៤៤៩.២០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា