
ភ្នំពេញ៖ មកដល់ថ្ងៃនេះ ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀតនោះ ស្ថាប័នតុលាការបាននឹងកំពុងបន្តនីតិវិធី។
ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀត មកដល់ពេលនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា តំណាងអយ្យការកំពុងតែអនុវត្តនីតិវិធី លោកនឹងជូនព័ត៌មាននៅពេលដែលមានចំណាត់ការចុងក្រោយរបស់អយ្យការ។ ការបញ្ជាក់របស់តំណាងអយ្យការនាថ្ងៃនេះ គឺបន្ទាប់ពីម្សិលមិញ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជូនសំណុំរឿងមួយនេះទៅដល់សាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ។
សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នគរបាលនាយកដ្ឋានចារកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ដោយមានជាប់ពាក់ព័ន្ធករណីកំហែងយកប្រាក់ក្នុងបញ្ហាគ្រឿងញៀន។ បើតាមប្រភពឱ្យដឹងថា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះមានឈ្មោះ វ៉ាន់ កុសល មានឋានន្តរសក្ដិថ្នាក់ឧត្តមសេនីយ៍ទោ ទទួលបន្ទុកការងារជំនាញ ក.៨ ៕