ជម្លោះហ្កាហ្សាដ៏បំផ្លិចបំផ្លាញ បានសម្លាប់មនុស្សជាង ១២.៤០០នាក់ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលទាំងសងខាង កាលពីថ្ងៃសុក្រ។

នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានបង្ហាញពីចំនួនអ្នកស្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១១.០៧៨ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស-អ៊ីស្រាអែលដែលចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។ លើសពីនេះ តំបន់វេសបែង បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១៨៣នាក់។
អ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស នៅថ្ងៃទី ៧ តុលា មកនៅត្រឹមប្រហែល១.២០០នាក់ពីការប៉ាន់ស្មានរបស់រដ្ឋាភិបាលមុនចំនួន ១.៤០០នាក់។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ការពិនិត្យឡើងវិញនេះ ត្រូវបានធ្វើឡើងដោយសារតែមានសាកសពជាច្រើនដែលមិនស្គាល់អត្តសញ្ញាណ ហើយអ៊ីស្រាអែលជឿថា អ្នកស្លាប់ខ្លះជាយុទ្ធជនរបស់ក្រុមហាម៉ាសជាជាងជនជាតិអ៊ីស្រាអែល។