មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា អំពើហិងង្សាលើជនស៊ីវិល ក្នុងប្រទេសស៊ូដង់ «កំពុងក្លាយជាអំពើដ៏យង់ឃ្នងបំផុត» ខណៈដែលវិបត្តិមនុស្សធម៌ ក្នុងប្រទេសកាន់តែអាក្រក់ឡើង ហើយអំពើហិង្សាជនជាតិភាគតិច កើនឡើង នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងដាហ្វឺ(Darfur)។

សង្រ្គាមមួយ បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងភាគីទាំងពីរ ជុំវិញផែនការរួមបញ្ចូលកងកម្លាំងជាផ្នែកនៃការផ្លាស់ប្តូរពីការគ្រប់គ្រងដោយយោធា ទៅលទ្ធិប្រជាធិបតេយ្យស៊ីវិលវិញ។

លោក Clementine Nkweta-Salami មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូ ដង់ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងបន្តទទួលបានរបាយការណ៍ ដែលមិនឈប់ឈរ និងគួរឲ្យរន្ធត់នៃអំពើហិង្សាផ្លូវភេទ និងការបាត់ខ្លួនដោយបង្ខំ ការឃុំខ្លួនដោយបំពាន និងការរំលោភសិទ្ធិមនុស្ស និងកុមារ យ៉ាងធ្ងន់ធ្ងរ»។