អាជ្ញាធរខេត្ដសៀមរាប បានរៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរ ដែលមានស្ដង់ដារត្រឹមត្រូវ។
ពិព័រណ៍នេះ ធ្វើឡើងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ពិព័រណ៍ផលិតផលនេះ មានចំនួន៧០ស្ដង់ ដោយបានដាក់តាំងបន្លែផ្លែឈើនិងផលិតផលក្នុងស្រុកជាច្រើនមុខ ដែលជាស្នារដៃរបស់កូនខ្មែរមកពីសហគមន៍ផ្សេងៗគ្នាទាំងខេត្ដសៀមរាប និងខេត្ដផ្សេងៗទៀត។
ពិព័រណ៍នាពេលនេះ រួមមាន បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ ផលិតផលពីការកែច្នៃ ផ្នែកវារីវប្បកម្ម គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈនិងផលិតផលផ្សេងៗជាច្រើនទៀត ។
លោកបន្ដថា ការតាំងផលិតផលក្នុងស្រុកនេះ ដើម្បីបង្ហាញដល់ម្ចាស់អាជីវកម្មទេសចរ ភ្ញៀវទេសចរ ឱ្យពួកគាត់ប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពល្អ មិនមានជាតិគីមី ព្រមទាំងជួយលើកកំពស់ដល់អ្នកផលិតផងដែរ។
លោកបន្ថែមថា ផលិតផលបន្លែផ្លែឈើ ព្រមទាំងគ្រឿងទាំងអស់មិនខុសពីផលិតផលភូមិមួយនោះឡើយ។លោក បន្ថែមថា ចាប់ពីឆ្នាំ២០២៤ ទៅការតាំងពិព័រណ៍នេះនឹងធ្វើឡើងរៀងរាល់ខែធ្នូ។










