អណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ក្នុងអំឡុងពេលការតវ៉ាក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃសុក្រ (ទី ១០ វិច្ឆិកា) ខណៈដែលនាយករដ្ឋមន្រ្តីស្តីទីអេស្ប៉ាញ លោក Pedro Sanchez បានខិតទៅជិតកាន់តំណែងមួយអាណត្តិទៀត បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សជាតិនិយម Basque PNV មួយថ្ងៃបន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សបំបែកខ្លួនJunts។

ការគាំទ្ររបស់គណបក្ស Junts និងគណបក្ស Basque PNV ធ្វើឲ្យលោក Sanchez ទទួលបានសំឡេងគាំទ្រភាគច្រើនទាំងស្រុង នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៣៥០រូប នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចព្រមព្រៀងដែលស្មុគស្មាញជាងនេះ គឺការកិច្ចព្រមព្រៀងមួយដែលបានសម្រេច កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ជាមួយគណបក្ស Junts ដែលរួមបញ្ចូលទាំងការអនុម័តច្បាប់ដ៏ចម្រូងចម្រាស ដែលផ្តល់ការលើកលែងទោសដល់អ្នក ដែលត្រូវបានកាត់ទោសជុំវិញកិច្ចប្រឹងប្រែងរបស់សហគមន៍កាតាឡូនី ដើម្បីបំបែកចេញពីប្រទេសអេស្ប៉ាញ ដែលជាទង្វើមួយ បានបង្កឲ្យមានការតវ៉ាដ៏ហិង្សាមួយសប្តាហ៍។