ភ្នំពេញ៖ នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើការនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅកាន់ទីផ្សារប្រទេសចិន ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានកំពុងពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំពិធីនាំចេញជាលើកដំបូង។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យ ប៊ីធីវី ដឹងថា នៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចំនួន ៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រ ការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តម ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណើទាំងនោះ ហើយក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួង នឹងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផលសក្តានុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ ប្រកបដោយនិរន្តរភាព៕



