អាមេរិក៖ ក្រុមពន្លត់អគ្គិភ័យនៅភាគខាងជើងទីក្រុង Sacramento រដ្ឋ California និយាយថា អាកាសធាតុហួតហែង និងខ្យល់ខ្លាំងបណ្ដាលឲ្យកម្លាំងភ្លើងឆេះរាលដាលខ្លាំងកាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារពន្លត់អគ្គិភ័យរដ្ឋ California បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា ភ្លើងឆេះព្រៃ នៅក្នុងតំបន់ Yuba ដែលបានចាប់ផ្ដើមឆេះរាលដាលកាលពីរសៀលថ្ងៃអង្គារ បានឆេះបំផ្លាញព្រៃឈើជាង ៣៨០ហិចតាស្មើនឹង ៣,៨គីឡូម៉ែត្រក្រឡា និងពន្លត់បានចំនួន ២៥% ហើយ។ ប្រធានពន្លត់អគ្គិភ័យរដ្ឋ California លោក Bob Counts បាននិយាយថា ថ្ងៃនេះដោយសារតែខ្យល់ខ្លាំងពេក សន្សើមតិច អាកាសធាតុក្ដៅ ហើយស្មៅងាប់ផងនោះធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង។
លោកបានប្រាប់ស្ថានីយទូរទស្សន៍ KXTV ថា ភ្លើងបានឆេះរាលដាលទៅដល់មូលដ្ឋានទ័ពអាកាសប៊ីឡេ (Beale Air Force Base) និងសំណង់មួយត្រូវបានឆេះបំផ្លាញ។ លោក Counts ក៏បាននិយាយផងដែរថា ពុំមានសេចក្ដីរាយការណ៍ថា មានមនុស្ស ឬសត្វរងរបួសទេ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួនត្រូវបានជម្លៀសចេញ៕
អត្ថបទ៖ សុខមាន