
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ឡើងវិញពីគោលបំណងរបស់ក្នុងសម្រាប់អ៊ីស្រាអែល គឺត្រូវគ្រប់គ្រងសន្តិសុខនៅតំបន់ហ្គាហ្សា សម្រាប់រយៈពេលគ្មានកំណត់ ។
លោកថា អ៊ីស្រាអែល ចង់ចេញ-ចូលឡើងវិញតំបន់ហ្គាហ្សាស្រ្ទីប ពេលណាក៏ដោយឲ្យតែចាំបាច់ ។
គួរឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានដកចេញពីតំបន់ហ្គាហ្សា កាលពីឆ្នាំ ២០០៥ ប៉ុន្តែគ្មានភាពច្បាស់លាស់នោះទេលើវិធានការធានាសន្តិសុខដោយមិនរក្សាវត្តមានយោធានៅក្នុងដែនដីមួយនេះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការពារជាតិលោក Yoav Gallant និងរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកសង្រ្គាមលោក Benny Gantz លោក Netanyahu បានធ្វើការសង្កត់ធ្ងន់ថា វាគឺជាបំណងប្រាថ្នារបស់លោក កាលដែលក្រុមហាម៉ាស់ គឺជាចលនាអ៊ីស្លាមដែលបានបើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ និងចាប់ចំណាប់ថ្នូរទាំងជនជាតិអ៊ីស្រាអែល និងជនបរទេសជាង ២០០នាក់ នោះ ត្រូវតែបំផ្លាញឲ្យអស់ ។
ជម្លោះហ្គាហ្សា បានសម្លាប់មនុស្សជាង ១២.៤០០នាក់ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលទាំងនៅអ៊ីស្រាអែល និងនៅតំបន់ហ្គាហ្សា ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញពីចំនួនអ្នកស្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១១.០៧៨ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស-អ៊ីស្រាអែលដែលចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។ លើសពីនេះ តំបន់វ៉េសបែង បានរាយការណ៍ថា មានចំនួនមនុស្សស្លាប់ ១៨៣នាក់ ៕