
កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានព្រមានក្រុមនិកាយស៊ីអ៊ីតហេសប៊ូឡារបស់លីបង់ ថាមិនត្រូវធ្វើឲ្យការប្រយុទ្ធគ្នាកើនឡើងនោះទេនៅតាមតំបន់ព្រំដែន ។
លោក Gallant បាននិយាយប្រាប់ទាហាននៅក្នុងវីដេអូដែលបានចាកផ្សាយលើកញ្ចក់ទូរទស្សន៍អ៊ីស្រាអែលថា ក្រុមហេសប៊ូឡា កំពុងអូសទាញឲ្យលីបង់ធ្លាក់ចូលក្នុងសង្រ្គាមដែលអាចនឹងផ្ទុះឡើង ។ វាគឺជាកំហុសមួយ ហើយអ្នកនឹងតបស្នងមុនគេ ហើយនិងពលរដ្ឋលីបង់ភាគច្រើន ។ អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ពួកយើងអាចធ្វើបាននៅទីក្រុង Beirut ។
គួរឲ្យដឹងថា មេដឹកនាមក្រុមហេសប៊ូឡាដ៏មានអំណាចបំផុតនៅលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមប្រដាប់អាវុធរបស់លោក បានប្រើប្រាស់អាវុធប្រភេទថ្មី និងវាយប្រហារលើគោលដៅថ្មីនៅអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយលោកបានសន្យាថា ខ្សែត្រៀមមុខនៅតំបន់ភាគខាងត្បូងប្រឆាំងនឹងសត្រូវ នៅតែសកម្មដដែល ៕