
មន្រ្តីអង្គការសុខភាពពិភពលោក(WHO)ដែលមានមូលដ្ឋាននៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃសៅរ៍ថា ជិតពាក់កណ្តាលនៃកន្លែងថែទាំសុខភាពក្នុងតំបន់ហ្គាហ្សា លែងដំណើរការហើយ ស្របពេលដែលកន្លែងផ្សេងទៀត ប្រតិបត្តិការក្រោមសមត្ថភាពរបស់ពួកគេ ។
លោក Rick Brennan គឺជាប្រធានផ្នែកសង្រ្គោះបន្ទាន់ក្នុងតំបន់នៃអង្គការ WHO និយាយថា នៅក្នុងទីក្រុងហ្គាហ្សា មាននូវការវាយប្រហារជិត ១២០លើកមកលើមន្ទីរពេទ្យ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ទារកបានស្លាប់ អ្នកជំងឺយ៉ាងច្រើន បានប្រឈមនឹងការឡោមព័ទ្ធរបស់អ៊ីស្រាអែល នៅជុំវិញមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ខណៈដែលអ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់ក្រុមជីវពលហាម៉ាស់ ដែលបានរារាំងមន្ទីរពេទ្យមួយទៀតពីការជម្លៀសខ្លួនមនុស្សចេញ ។
អ៊ីស្រាអែល និយាយថា គ្រូពេទ្យ អ្នកជំងឺ និងអ្នកជម្លៀសខ្លួនរាប់ពាន់នាក់ ដែលស្វែងរកទីជម្រកនៅតាមមន្ទីរពេទ្យនៅភាគខាងជើងតំបនហ្គាហ្សា ត្រូវតែចាកចេញ ដើម្បីឲ្យពួកគេអាចដោះស្រាយគ្នាជាមួយក្រុមខ្មាន់កាំភ្លើងហាម៉ាស់ ដែលពួកគេបាននិយាយថា ដាក់ទីបញ្ជាការនៅទីនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់ ច្រានចោលថាពួកគេពុំបានប្រើប្រាស់មន្ទីរពេទ្យជាទីតាំងយោធារបស់ខ្លួននោះឡើយ ។ ក្រុមគ្រូពេទ្យនិយាយថា អ្នកជំងឺអាចនឹងស្លាប់ បើសិនជាពួកគេផ្លាស់ចេញ ហើយក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ការបាញ់អាវុធរបស់អ៊ីស្រាអែល ធ្វើឲ្យគ្រោះថ្នាក់ខ្លាំងដល់អ្នកដែលចាកចេញទៅ ៕