
ក្រុមមេដឹកនាំមកពីបណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានជួបជុំគ្នានៅទីក្រុង Riyadh របស់អារ៉ាប៊ីសាអូឌីត សម្រាប់ជំនួបកំពូលរួមគ្នាអ៊ីស្លាម-អារ៉ាប់ ដើម្បីពិភាក្សាលើសង្រ្គាមអ៊ីស្រាអែល-តំបន់ហ្គាហ្សា ។
ពួកគេបានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ប្រតិបត្តិការសឹកនៅតំបន់ហ្គាហ្សា ហើយនិងបានប្រកាសថា អ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មមកលើជនប៉ាឡេស្ទីន ។
តំបន់មជ្ឈិមបូព៌ា បានស្ថិតនៅលើមាត់ជ្រោះធ្លាក់ក្នុងជម្លោះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានវាយឆ្មក់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ ។
ក្រុមមន្រ្តីអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជាង ១១.០០០នាក់ ត្រូវបានសម្លាប់ គិតត្រឹមថ្ងៃសុក្រ ក្នុងនោះ ៤០ភាគរយនៃពួគគេគឺជាកុមារ ។
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះ ស្របពេលដែលរាជាណាចក្ររបស់ទ្រង់ ព្យាយាមប្រើឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សំពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូល ព្រះអង្គម្ចាស់ Mohammed បានមានព្រះបន្ទូលថា រាជាណាចក្ររបស់ទ្រង់សូមបញ្ជាក់ឡើងវិញការថ្កោលទោស និងច្រានចោលទាំងស្រុងសង្រ្គាមដ៏ព្រៃផ្សៃមកលើបងប្អូនរបស់ពួកយើងនៅប៉ាឡេស្ទីន ។
ដោយឡែក មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយថា ជនប៉ាឡេស្ទីន ប្រឈមនឹងសង្រ្គាមប្រល័យពូជសាសន៍ ហើយលោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានស្ងើចសរសើរក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន សម្រាប់សង្រ្គាមរបស់ពួកគេប្រឆាំងអ៊ីស្រាអែល ហើយលោកបានជំរុញឲ្យបណ្តាប្រទេសអ៊ីស្លាម ត្រូវដាក់ទណ្ឌកម្មប្រេង និងទំនិញលើអ៊ីស្រាអែល ៕