
កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ក្រុមមន្រ្តីនគរបាលក្រុងឡុងដ្រ៍ បានព្យាយាមបោសសម្អាតក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ចេញពីទីលានចតុរង្គនៅកណ្តាលក្រុងឡុងដ្រ៍ ក្រោយមនុស្សជាង ៣០ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនឆ្លងកាត់រដ្ឋធានីរបស់ចក្រភពអង់គ្លេសមួយនេះ អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
ក្រុមនគរបាល បានបញ្ឈប់ និងស្វែងរកក្រុមបាតុករមួយចំនួន ខណៈដែលក្រុមបាតុករផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីលានចតុរង្គ ។ បាតុករមួយចំនួន បានរុំកន្សែងបង់ក.ប្រពៃណីប៉ាឡេស្ទីន ហើយនិងគ្របទង់ជាតិប៉ាឡេស្ទីននៅលើស្មារបស់ពួកគេ ។ បាតុករខ្លះទៀត យកកន្សែងគ្របមុខរបស់ពួកគេតែម្តង ។
ក្រុមនគរបាល និយាយថា មាននូវបាតុកររាប់សែននាក់នៅលើតាមដងផ្លូវនៅកណ្តាលទីក្រុងឡុងដ្រ៍ ហើយការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅជិតកន្លែងរំឭកអនុស្សាវរីយ៍សង្រ្គាម Cenotaph ។
ក្រុមនគរបាល បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា ក្រុមបាតុករបានបិទមុខ ហើយនិងបាញ់កាំជ្រួច ហើយពួកគេមួយចំនួន ត្រូវបានចាប់ខ្លួន និងស្វែងរកការចាប់ខ្លួន ។
ក្រុមនគរបាល និយាយថា បាតុករជាង ៣០ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនគាំទ្រប៉ាឡេស្ទីន ខណៈដែលក្រុមរៀបចំ និយាយថា មានបាតុកររហូតដល់ជាង ៨០ម៉ឺននាក់ ៕