
មនុស្សរាប់ពាន់នាក់ បានដើរតាមដងផ្លូវនៃរដ្ឋធានីរបស់ប្រទេសហុងឌុយរ៉ាស កាលពីថ្ងៃសៅរ៍ (១១ វិច្ឆិកា) ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ប្រឆាំងនឹងប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសនេះគឺលោកស្រី ស៊ីអូម៉ារ៉ា ខាស្រ្តូ (Xiomara Castro) ដោយពួកគេមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការប៉ុនប៉ងបង្កើតឡើងនូវអ្វីដែលក្រុមបាតុករទាំងនោះនិយាយថា ជាការដណ្តើមអំណាចមិនស្របតាមរដ្ឋធម្មនុញ្ញ។
ក្នុងបាតុកម្មដែលឧបត្ថម្ភដោយបណ្ដាគណបក្សប្រឆាំង ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បានចោទរដ្ឋាភិបាលរបស់លោកស្រី ខាស្ត្រូ ថាចង់កែប្រែប្រទេសហុងឌុយរ៉ាស ដោយការជ្រើសរើសក្រុមមន្ត្រីសាធារណៈមិនស្របតាមលក្ខខណ្ឌច្បាប់។
យោងតាមសាក្សីរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា មនុស្សប្រហែល ១០.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី តេហ្គូស៊ីហ្កាល់ប៉ា (Tegucigalpa) ក្នុងការដើរហែក្បួនតវ៉ាដោយសន្តិវិធី។ ការប៉ាន់ប្រមាណចំនួនបាតុករជាផ្លូវការពីក្រុមអាជ្ញាធរហុងឌូរ៉ាស មិនត្រូវបានផ្តល់ឱ្យភ្លាមៗទេ។
ការតវ៉ារបស់គណបក្សប្រឆាំងនេះ បានផ្ទុះឡើងបន្ទាប់ពីគណបក្សកាន់អំណាចបានបោះឆ្នោតជ្រើសរើសប្រធានអយ្យការបណ្តោះអាសន្នថ្មីកាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយមិនមានការបោះឆ្នោតសភា៕