
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការជម្លៀសទារកចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ (១២ វិច្ឆិកា) នេះ ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាទារកទើបនឹងកើតពីរនាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងស្ថិតក្នុងហានិភ័យ បន្ទាប់ពីប្រេងឥន្ធនៈបានអស់ ស្របពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅក្នុងតំបន់នោះ។
នៅពេលដែលស្ថានការណ៍មនុស្សធម៌កាន់តែអាក្រក់ទៅៗ ក្រុមអាជ្ញាធរព្រំដែនហ្កាហ្សា បាននិយាយថា ច្រកព្រំដែនរ៉ាហ្វាហ្វ ចូលទៅក្នុងប្រទេសអេហ្ស៊ីប នឹងបើកឡើងវិញនៅថ្ងៃអាទិត្យនេះសម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស បន្ទាប់ពីបានបិទបិទកាលពីថ្ងៃសុក្រ។
ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានបំផ្លាញទាំងស្រុង ឬដោយផ្នែក លើគោលដៅយោធាអ៊ីស្រាអែល ជាង១៦០ទីតាំង នៅហ្កាហ្សា រួមទាំងរថយន្តជាង ២៥គ្រឿង ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ ខណៈអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ក្រុមហាម៉ាស បានបាត់បង់ការគ្រប់គ្រងតំបន់ហ្កាហ្សា ភាគខាងជើង។
អ្នកស្រុកនៅតំបន់ហ្កាហ្សា បាននិយាយថា ទាហានអ៊ីស្រាអែល ដែលបានធ្វើសង្រ្គាមដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា បានប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងក្រុមហាម៉ាស ពេញមួយយប់នៅក្នុង និងជុំវិញទីក្រុងហ្កាហ្សា ជាទីដែលមន្ទីរពេទ្យហ្កាហ្សាដ៏ធំបំផុតឈ្មោះ អាល់ស៊ីហ្វា ស្ថិតនៅ។
អង្គការសុខភាពពិភពលោកបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលជាប់នៅក្នុងមន្ទីរពេទ្យដែលហ៊ុមព័ទ្ធដោយការប្រយុទ្ធគ្នានោះ ហើយបាននិយាយថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយភ្នាក់ងាររាយការណ៍របស់ខ្លួននៅក្នុងមន្ទីរពេទ្យនោះហើយ៕