
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា កាលពីថ្ងៃសៅរ៍ (១១ វិច្ឆិកា) ថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះជាលើកដំបូងក្នុងរយៈពេលជាង ៧សប្តាហ៍ ហើយបានវាយប្រហារតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសដោយយានដ្រូនផងដែរ។
ឆ្មាំល្បាតព្រំដែនអ៊ុយក្រែនបាននិយាយថា ពួកគេបានដណ្តើមយកភូមិមួយនៅភាគឦសានរបស់ប្រទេស ដែលនៅជាប់នឹងព្រំដែនរុស្ស៊ី។
ក្រុមមន្ត្រីនៅតំបន់ភាគខាងកើត ដែលជាចំណុចផ្តោតនៃការវាយរុលដ៏យឺតយ៉ាវក្នុងរយៈពេល ២០ខែរបស់រុស្ស៊ី បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយបកការវាយប្រហារជាច្រើនដោយកងទ័ពរបស់ទីក្រុងម៉ូស្គូ ហើយពួកគេរំពឹងថានឹងមានការវាយប្រហារបន្ថែមទៀត ជាពិសេសនៅជុំវិញទីក្រុង អាវឌីវកា (Avdiivka) ដែលត្រូវបានបំផ្លិចបំផ្លាញ។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងគីវ បាននិយាយថា មីស៊ីលបាលិស្ទិករបស់រុស្ស៊ី ត្រូវបានបាញ់សំដៅទៅកាន់រដ្ឋធានីនេះនៅម៉ោងប្រហែល ៨ ព្រឹក (ម៉ោងក្នុងស្រុក) ។
លោក Ruslan Kravchenko អភិបាលតំបន់ភាគកណ្ដាលនៃរដ្ឋធានីគីវ បាននិយាយថា លំនៅឋានឯកជនចំនួន ៥ខ្នង និងអគារពាណិជ្ជកម្មជាច្រើនទីតាំងនៅក្នុងតំបន់ត្រូវបានខូចខាត៕