ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ថ្លែងឲ្យថា ចំពោះការប្រកាសក្ស័យធុនរបស់ហ៊ុនមេ នៅប្រទេសសិង្ហបុរីនោះ ក្រសួងកំពុងរង់ចាំការជូនដំណឹងពីក្រុមហ៊ុន (KrisEnergy) ដែលជាក្រុមហ៊ុនប្រតិបត្តិ ក្នុងនោះប្រសិនក្រុមហ៊ុន (KrisEnergy) ប្រកាសមានគ្មានលទ្ធភាពអភិវឌ្ឍន៍បន្ត ក្រសួងនឹងសិក្សាអំពីសមត្ថភាព និងលទ្ធភាពនៃដៃគូរវិនិយោគថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍ជំហានបន្ទាប់ ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការប្រកាសក្ស័យធុនរបស់ក្រុមហ៊ុនមេ នៅប្រទេសសិង្ហបុរី ដែលវិនិយោគនៅលើវិស័យប្រេងកាត នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១ នេះថា តាមការទទួលដំណឹង ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ( KrisEnergy) ដែលវិនិយោគវិស័យប្រេងកាតនៅកម្ពុជា បានកំពុងដាក់ពាក្យបណ្តឹងទៅកាន់តុលាការអំពីការការប្រកាសរំលាយក្រុមហ៊ុន។ មកដលបច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy មិនទាន់បានផ្អាកនៅសមកម្មភាពរបស់ខ្លួននៅឡើយ ខណៈដែលតុលាការមិនទាន់បានកាត់ក្តី លើការបែងចែកទ្រព្យសម្បត្តិ ។
ឯកឧត្តម បន្តថា ស្ថិតនៅក្នុងដំណាក់កាលនៃការប្រកាសក្ស័យធុន របស់ក្រុមហ៊ុនមេប្រទេសសិង្ហបុរីនេះ វាហាក់ដូចជាលឿន ដែលក្រសួងមិនទាន់បានចាត់ចែងនៅឡើយ ពោលគឺនៅរង់ចាំសម្រេចពីតុលាការ និងរង់ចាំសេចក្តីជូនពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិ ទើបយើងមានវិធានការនៅជំហានបន្តបាន ក្នុងនោះ ប្រសិនបើក្រុមហ៊ុនប្រកាសមានដៃគូរវិនិយោគបន្ត ក្រសួងក៏សិក្សាអំពីសមត្ថភាព និងលទ្ធភាពរបស់ដៃគូរទាំងពីរ ក្នុងការអភិវឌ្ឍន៍ជំហានបន្ទាប់ទៅទៀត ។
សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍលើវិស័យប្រេងកាតនេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ តំណាងក្រុមហ៊ុន ( KrisEnergy) នឹងតំណាងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើការអភិវឌ្ឍប្រេងកាតប្លុក A ក្នុងនោះ សម្រាប់បរិមាណសក្ដានុពលប្រេងកាតដែលបានសិក្សាឃើញ និងរំពឹងទុកសម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចលើសពី ៣០ លានបារ៉ែល ដែលអាចផ្តល់លទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ក្នុងការជំរុញឲ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងឆៅប្រកបដោយសក្ដានុពល និងបម្រើទីផ្សារនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជាផងដែរ ៕
អត្ថបទ ៖ សុន រ៉ាឌី
