
ការកើនឡើងនៃចំនួនអ្នកភៀសខ្លួនចេញពីតំបន់ហ្កាហ្សា ភាគខាងជើង បានបណ្តាលឱ្យមានកង្វះខាតកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ស្ទ្រីប។ អ្នកស្រុកនៅក្នុងទីក្រុងហ៊ុមព័ទ្ធ ហ្កាហ្សា អាចធ្វើការផ្លាស់ទីទៅភាគខាងត្បូងក្នុងអំឡុងពេលផ្អាកប្រយុទ្ធប៉ុន្មានម៉ោង ដែលផ្លូវសុវត្ថិភាពបើកជារៀងរាល់ថ្ងៃ។
នៅទីក្រុង ខាន់ យ៉ូនីស ភាគខាងត្បូង អ្នកជម្លៀសជាច្រើនត្រូវរស់នៅក្នុងជំរំបណ្តោះអាសន្ន ខណៈកន្លែងស្នាក់នៅ និងមជ្ឈមណ្ឌលជម្លៀសទាំងអស់បានពេញ។
ពលរដ្ឋភៀសខ្លួនទាំងនោះនិយាយថា «ដោយភ័យខ្លាចថាការទម្លាក់គ្រាប់បែកកាន់តែខ្លាំងឡើង យើងបាននាំកុមារ និងស្ត្រីទៅជ្រកកោននៅភាគខាងត្បូងហ្កាហ្សា។ ដំបូងឡើយ យើងបានស្នាក់នៅបណ្តោះអាសន្នក្នុងមន្ទីរពេទ្យនៅទីក្រុង ខាន់ យ៉ូនីស ប៉ុន្តែឥឡូវនេះ យើងបានត្រឹមតែស្នាក់នៅខាងក្រៅប៉ុណ្ណោះ។ យើងមិនមានលទ្ធភាពទិញទំនិញនោះទេ ហើយស្ទើរតែមិនមានអ្វីសម្រាប់ទិញ សូម្បីតែអ្នកមានក៏មិនអាចទទួលបានទំនិញដែរ ចំណែកអ្នកក្រទាំងនោះត្រូវរស់នៅក្នុងភាពអត់ឃ្លាន និងភាពក្រីក្រ»។
យោងតាមក្រុមអាជ្ញាធរក្នុងទីក្រុង ខាន់ យ៉ូនីស បានឲ្យដឹងថា ទីក្រុងនេះកាលពីមានប្រជាជនតិចជាង ៥០ម៉ឺននាក់ ប៉ុន្តែពេលនេះបានទទួលពលដ្ឋជម្លៀសជាង ១លាននាក់ទៀត។
បច្ចុប្បន្ននេះ ទីក្រុងខាន់ យ៉ូនីស អាចផ្គត់ផ្គង់ទឹកដល់ពួកគេរៀងរាល់ប្រាំថ្ងៃម្តង ដោយសារកង្វះថាមពល ហើយទំនិញនៅក្នុងផ្សារទំនើបនានាក៏មានការខ្វះខាតផងដែរ៕