
ជនអន្តោប្រវេសន៍ជាច្រើនបានបន្តឆ្លងចូលសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ (១១ វិច្ឆិកា) តាមរយៈច្រកបើកចំហនៃជញ្ជាំងព្រំដែនក្នុងតំបន់ Jacumba រដ្ឋកាលីហ្វ័រនីញ៉ា។
អស់រយៈពេលជាច្រើនខែមកហើយ ជំរំបណ្តោះអាសន្នមួយបានមើលឃើញជនអន្តោប្រវេសន៍ជាច្រើន ឆ្លងកាត់នៅវាលខ្សាច់ភាគខាងកើតទីក្រុង San Diego ជាទីដែលពួកគេរង់ចាំដំណើរការអនុញ្ញាតលើសិទ្ធជ្រកកោនដោយក្រុមមន្ត្រីល្បាតព្រំដែន។
ដោយមានចំនួនដ៏ច្រើនលើសលប់នៃអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីជុំវិញពិភពលោក ក្រុមមន្ត្រីព្រំដែនសហរដ្ឋអាមេរិក បានបើកទ្វារច្រកព្រំដែនឲ្យជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដើរតាមដងផ្លូវក្នុងទីក្រុង San Diego នៅខែតុលា រួមទាំងមនុស្សប្រហែល ១.៤០០នាក់ នៅទីក្រុងឆ្នេរ Oceanside ផងដែរ។
ក្រុមមន្ត្រីព្រំដែនអាមេរិក បានទទួលជនអន្តោប្រវេសន៍ជាង ២០៤.០០០នាក់ នៅក្នុងទីក្រុង San Diego ក្នុងរយៈពេល ១១ខែរហូតដល់ខែសីហា ដោយកើនឡើងចំនួន ២៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ជនអន្តោប្រវេសន៍ទើបមកដល់ថ្មីជាច្រើនកំពុងស្វែងរកសិទ្ធិជ្រកកោន ដែលតម្រូវឱ្យពួកគេបញ្ជាក់ថា គេត្រូវការការការពារពីការបៀតបៀននៅក្នុងប្រទេសកំណើតរបស់ពួកគេ។ តុលាការអន្តោប្រវេសន៍សុំសិទ្ធិជ្រកកោនរបស់អាមេរិក បានផ្តល់ញត្តិតិចជាង ១៥% ដល់អ្នកស្នើសុំសិទ្ធិជ្រកកោនទាំងនោះ៕