ទីប្រឹក្សាទំនាក់ទំនងសម្រាប់ដែនដីប៉ាឡេស្ទីន របស់អង្គការក្រុមគ្រូពេទ្យគ្មានព្រំដែន MSF (Médecins Sans Frontières) លោកស្រី ជីណាន សាដ(Jinane Saad) បានបង្ហាញការព្រួយបារម្ភអំពីស្ថានភាពវេជ្ជសាស្ត្រ និងសុខភាពនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ១២ វិច្ឆិកា ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅជិតមន្ទីរពេទ្យធំៗ។
ថ្លែងពីការិយាល័យរបស់លោកស្រីនៅទីក្រុងអាម៉ង់ (Amman) លោកស្រី សាដ (Saad) បានពិពណ៌នាអំពីរបៀបដែលប្រព័ន្ធវេជ្ជសាស្ត្រ ជាពិសេសនៅក្នុងមន្ទីរពេទ្យ អាល់ ស៊ីហ្វា (al-Shifa) ក្នុងតំបន់ ហ្កាហ្សា ស្ថិតក្នុងដំណាក់កាលដួលរលំ ហើយត្រូវបានជំរុញដោយវេជ្ជបណ្ឌិត និងគ្រូពេទ្យម្នាក់ៗដែលមិន ព្រមចាកចេញពីអ្នកជំងឺ បើទោះបីជាខ្វះខាតថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រក៏ដោយ។
លោកស្រី Saad បាននិយាយថាក្រុមនៅក្នុងមន្ទីរពេទ្យ អាល់ ស៊ីហ្វា (al-Shifa) បានរាយការណ៍ថាអ្នកជំងឺបានជាប់នៅក្នុងមន្ទីរពេទ្យដោយសារតែការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ជុំវិញនោះ ហើយការជម្លៀសមិនមែនជាជម្រើសសម្រាប់អ្នកជំងឺ និងទារកកើតមុនខែកំណត់ជាច្រើនដែលភ្ជាប់នៅក្នុងបន្ទប់សង្រ្គោះនោះទេ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសទារកចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សនៅខាងក្នុងនៅតែជាប់ ដោយទារកទើបនឹងកើតពីរនាក់បានស្លាប់ និងរាប់សិបនាក់ប្រឈមហានិភ័យពីការដាច់ចរន្តអគ្គិសនី ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្បែរនោះ៕

