ពលរដ្ឋហ្កាហ្សា រាប់រយនាក់កាលពីថ្ងៃអាទិត្យ ១២ វិច្ឆិកា បានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង នៃតំបន់ហ្កាហ្សាស្ទ្រីប ដោយភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅភាគខាងជើង នៃតំបន់នោះ។
ក្រុមមន្ត្រីសុខាភិបាលហាម៉ាសក្នុងតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យ ទី១២វិច្ឆិកា ថា ពលរដ្ឋប៉ាឡេស្ទីន១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើផ្ទះមួយកន្លែងក្នុងទីក្រុងខាន់ យូនីស(Khan Younis)។

អ្នករស់នៅក្នុងតំបន់ហ្កាហ្សាម្នាក់ បាននិយាយថា អំពើហិង្សា កង្វះអាហារ ទឹក និងថ្នាំបានបង្ខំឱ្យលោកភៀសខ្លួនជាមួយគ្រួសាររបស់លោក ទោះបីជាប្រឈមនឹងការខ្វះខាតដូចគ្នានៅភាគខាងត្បូងក៏ដោយ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកដានីញែល ហាហ្ការី ( Daniel Hagari) បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកស្រុកជាង ១០០.០០០ នាក់ នាក់បានភៀសខ្លួនចេញពីភាគខាងត្បូង។
មន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រថា អ្នកស្រុកហ្កាហ្សា ចំនួន ១១.០៧៨ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើម ប្រហែល ៤០% ជាកុមារ៕
