សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) បានថ្កោលទោសក្រុមហាម៉ាស ចំពោះការប្រើប្រាស់ «មន្ទីរពេទ្យ និងជនស៊ីវិលជាខែលការពារខ្លួន» នៅក្នុងតំបន់ហ្កាហ្សា ខណៈជំរុញឱ្យអ៊ីស្រាអែលបង្ហាញ «ការអត់ធ្មត់ជាអតិបរមា» ដើម្បីការពារជនស៊ីវិល។
យោងតាមបុគ្គលិកពេទ្យបាននិយាយថា បណ្ដាមន្ទីរពេទ្យនៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ហើយស្ទើរតែមិនអាចមើលថែទាំអ្នកជំងឺដែលនៅខាងក្នុងបាន។
មន្ទីរពេទ្យធំជាងគេ និងធំទីពីររបស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) និងមន្ទីរពេទ្យ អាល់គុតស៎ (Al-Quds) បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការ។

អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបានដាក់មជ្ឈមណ្ឌលបញ្ជាការនៅក្រោម និងក្បែរមន្ទីរពេទ្យនានា ហើយចាំបាច់ត្រូវតែរុករកពួកគេ ដើម្បីរំដោះចំណាប់ថ្នូរប្រហែល ២០០នាក់ ដែលពួកសកម្មប្រយុទ្ធទាំងនោះបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងការវាយប្រហារកាលពីជាងមួយខែមុន ប៉ុន្តែក្រុមហាម៉ាស បានបដិសេធថាខ្លួនមិនបានប្រើប្រាស់មន្ទីរពេទ្យតាមរបៀបនេះនោះទេ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល (Josep Borrell) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយជំនួសនាមឲ្យប្លុកទាំង ២៧ប្រទេសនេះថា «សហភាពអឺរ៉ុប ថ្កោលទោសក្នុងការប្រើប្រាស់មន្ទីរពេទ្យ និងជនស៊ីវិល ជាខែលការពារខ្លួនរបស់ក្រុមហាម៉ាស។ ជនស៊ីវិលទាំងអស់ត្រូវតែទទួលបានការអនុញ្ញាតឱ្យចាកចេញពីតំបន់ប្រយុទ្ធ»៕
