ភ្នំពេញ ៖ ក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២១ ប្រៃសណីយ៍កម្ពុជា ប្រមូលចំណូលលើសេវាបញ្ញើ បានប្រមាណជាង ១,៧ លានដុល្លារអាមេរិក ត្រូវប្រមាណជិត ២៨ ភាគរយ នៃផែនការប្រចាំឆ្នាំ ២០២១ ។
ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១០ខែ មិថុនាឆ្នាំ២០២១នេះថា នៅរយៈពេល ៣ខែដើមឆ្នាំ២០២១នេះ ចំណូលក្នុងវិស័យប្រៃសណីយ៍ប្រមូលបានជាង ១,៧ លានដុល្លារអាមេរិកស្មើនឹង២៨ភាគរយ នៃផែនការប្រចាំឆ្នាំ២០២១។ ធៀបនឹងរយៈពេលដូចទៅឆ្នាំ២០២០ចំណូលបានធ្លាក់ចុះប្រមាណជាង១៣ភាគរយ ខណៈនៅក្នុងឆ្នាំ២០២០ ប្រមូលចំណូលជាង ២លានដុល្លារអាមេរិក ។
ដោយឡែកការប្រមូលចំណូលក្នុងមេសា ឆ្នាំ២០២១វិញ, ស្របពេលដែលប្រទេសយើងបានបិទខ្ទប់តំបន់មួយចំនួន ការប្រមូលចំណូលនៅក្នុងខែនេះ បានបន្តធ្លាក់រហូតដល់ ៥០ ភាគរយ បើធៀបទៅនឹងខែមករា ឆ្នាំ២០២១។ ការបន្តធ្លាក់ចុះនេះ ដោយប្រទេសយើងបានបិទខ្ទប់តំបន់មួយចំនួន ហើយចំពោះការប្រមូលចំណូលនៅខែបន្ទាប់ ប្រៃសណីយ៍កម្ពុជាមិនអាចធ្វើការវាយតម្លៃបាននោះឡើយ ពោលគឺអាស្រ័យទៅលើការចរាចរណ៍ឡើងវិញនៅលើពិភពលោក បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល ។
ឯកឧត្តម អោក បូរ៉ា បន្តថា ដោយស្ថាននៅក្នុងការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងរយៈពេលបិទខ្ទប់តំបន់មួយចំនួន ប្រៃសណីយ៍កម្ពុជា បានជំរុញពង្រីកបញ្ញើក្នុងស្រុក លើគុណភាពសេវា ធ្វើយ៉ាងណាឲ្យមានល្បឿនលឿនជាងមុន ដោយ ប្រៃសណីយ៍កម្ពុជានឹងបង្កើនភ្នាក់ងារនៅតាមបណ្តាខេត្ត ដើម្បីជួយប្រមូលបញ្ញើជូនអតិថិជន យ៉ាងយូរមិនឲ្យលើសរយៈពេល១ថ្ងៃ ក្នុងនោះអតិថិជនក៏អាចឆែកមើលបញ្ញើរបស់ខ្លួនបាន តាមប្រព័ន្ធ ITS របស់ប្រៃសណីយ៍កម្ពុជា លើមុខទំនិញរបស់ខ្លួនទៅដល់កន្លែងណា និងម៉ោងណាបាន ៕
អត្ថបទ៖ សុន រ៉ាឌី
