រដ្ឋមន្ត្រីការពារជាតិប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកានេះ សម្រាប់កិច្ចពិភាក្សាផ្នែកសន្តិសុខ ដោយកិច្ចពិភាក្សាត្រូវបានកំណត់ផ្តោតលើការរួមគ្នាប្រឆាំងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង រួមទាំងការអនុវត្តយុទ្ធសាស្ត្រ «សន្ធិសញ្ញាឆ័ត្រការពារ» ។
យុទ្ធសាស្ត្រដែលប្រកាន់ខ្ជាប់នោះគឺថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់យុទ្ធោបករណ៍ជាយុទ្ធសាស្ត្រ រួមទាំងកងកម្លាំងនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកាន់តែមានសារសំខាន់ ខណៈប្រទេសកូរ៉េខាងជើង បន្តឆ្ពោះទៅមុខជាមួយកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានស្វាគមន៍សមភាគីរបស់លោក គឺលោក Lloyd Austin សម្រាប់កិច្ចប្រជុំប្រឹក្សាយោបល់សន្តិសុខប្រចាំឆ្នាំ (SCM) នៅកន្លែងដែលរដ្ឋមន្ត្រីទាំងពី ត្រូវបានគេរំពឹងថានឹងពិនិត្យមើលផែនការសម្រាប់អនាគតសម្ព័ន្ធភាពផងដែរ។
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានដាក់ស្រមោលលើជំនួបនេះ ក្នុងពេលទីក្រុងព្យុងយ៉ាងមានកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងជាមួយទីក្រុងមូស្គូ និងសំណួរអំពីការគាំទ្ររបស់ប្រទេសកូរ៉េខាងជើងចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស់៕
