
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ឱ្យគ្រប់ក្រសួង និងស្ថានប័នផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុង១ឆ្នាំ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើងទើប ចុះធ្វើអធិការកិច្ចតាមជាក់ស្ដែងបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាកាសកំណត់បែបនេះ ឆ្លើយតបតាមការស្នើសុំរបស់វិស័យឯកជន ក្នុងឱកាស វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព។
ក្នុងឱកាសនេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបានខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជនដែលបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយគ្នា មុនពេលការរៀបចំ វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន»នេះឡើង។ ដូច្នេះ នៅក្នុងវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន»ថ្ងៃនេះ សម្ដេចធិបតី បានសម្រេចឱ្យមានការបង្កើកក្រុមការងារអន្តរក្រសួងតាមវិស័យ ដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុង១ឆ្នាំ។
សម្ដេចធិបតីបានបញ្ជាក់ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗជាមុនសិន ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបានយ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធ ថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា