ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការដៃគូ ដើម្បីប្រមូលធាតុចូលបន្ថែម ដាក់ក្នុងផែនការ យុទ្ធសាស្ត្រ៥ឆ្នាំ (២០២៣-២០២៨) ដើម្បីឆ្លើយតបនឹងបទល្មើសជួញដូរមនុស្ស តាមទម្រង់បែបថ្មីៗ ខណៈបញ្ហាអំពើជួញដូរមនុស្សនេះ គឺជាកង្វល់មួយផងដែរ របស់ពិភពលោក ។
ក្នុងសិក្ខាសាលាស្ដីពី ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០១៩-២០២៣) និងបង្កើតផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០២៤-២០២៨) ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ទម្រង់នៃអំពើជួញដូរមនុស្ស ដែលកើតឡើងថ្មីមានភាពខុសប្លែកពីមុន ដូចពីមុនការទំនាក់ទំនងទាក់ទាញជនរងគ្រោះ ទៅក្នុងអំពើជួញដូរមនុស្ស ពីសំណាក់មេខ្យល់ គឺបានជួបផ្ទាល់ ប៉ុន្តែបច្ចុប្បន្ននេះ គឺទាក់ទងតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងឆ្លងប្រទេសបានថែមទៀតក៏មាន។
លោកជំទាវបន្តថា ទម្រង់នៃការទាក់ទាញជនរងគ្រោះ គឺមានភាពជឿនលឿន មានការពិបាកគ្រប់គ្រង ហើយការបង្រ្កាបនេះទៀតសោត ក៏មានផលលំបាកផងដែរ ពាក់ព័ន្ធនឹងភាសានៃជនល្មើសប្រើប្រាស់ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏គ្រោងដាក់នូវសំណើ នៃការបណ្ដុះបណ្ដាលផ្នែកភាសាមួយចំនួន ទៅក្នុងផែនការយុទ្ធសាស្ត្រនេះ ។
លោកជំទាវ ជូ ប៊ុនអេង បានបង្ហាញនូវក្ដៅរំពឹងថា ធាតុចូលថ្មីៗ ដែលនឹងដាក់ចូលក្នុងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទៅមុខទៀតនោះ នឹងជួយបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសបទល្មើសកើតឡើងក្នុងទម្រង់ថ្មីៗ ។
ជាមួយនេះ លោកជំទាវ ក៏បានអំពាវនាវផងដែរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានស្រាវជ្រាវ ឬរកឃើញករណីអ្វីមួយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស ហើយបានចង់ក្រងជាឯកសារ ឬធ្វើជារបាយការណ៍ សូមផ្ញើទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយរួមគ្នា ចៀសជាងយកទៅផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កំណើន នៃភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគពីក្រៅប្រទេសជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ






