ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចង់បង្កើតទំនាក់ទំនងយោធា និងយោធា ឡើងវិញជាមួយប្រទេសចិន នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជែក ស៊ុលលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីអាមេរិក និងមេដឹកនាំចិន គ្រោងនឹងជួបប្រជុំគ្នា។
លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ នៅថ្ងៃពុធ (១៥ វិច្ឆិកា) ខាងមុខនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក ។

កិច្ចប្រជុំនោះនឹងក្លាយជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ មក។
លោក ស៊ុលលីវ៉ាន បាននិយាយថា ទំនាក់ទំនងយោធាដែលបានស្តារឡើងវិញ អាចកើតឡើងនៅគ្រប់កម្រិតចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់កម្រិតប្រតិបត្តិការយុទ្ធសាស្ត្រ ក៏ដូចជា «នៅលើផ្លូវទឹក និងនៅលើអាកាសនៅឥណ្ឌូប៉ាស៊ីហ្វិកជាដើម»។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា កិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើបញ្ហាសកលរាប់ចាប់ពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស រហូតដល់ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី បញ្ហាកោះតៃវ៉ាន់ ឥណ្ឌូប៉ាស៊ីហ្វិក សិទ្ធិមនុស្ស ការផលិតឳសថហ្វេតានីល (fentanyl) ប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកបដោយយុត្តិធម៌ផងដែរ៕
