កម្មករកាត់ដេរបង់ក្លាដែស រាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ទាមទារប្រាក់ឈ្នួលសមរម្យ បន្ទាប់ពីបានច្រានចោលការផ្តល់ជូនប្រាក់ឈ្នួលពីរដ្ឋាភិបាលថាមានចំនួនតិចពេក ខណៈចំនួនអ្នកស្លាប់ដោយសារការតវ៉ាដ៏ហិង្សា ដែលបានផ្ទុះឡើងកាលពីខែមុន បានកើនឡើងដល់ ៤នាក់។
ប្រទេសបង់ក្លាដែស ត្រូវបានរង្គោះរង្គើដោយភាពចលាចលក្នុងវិស័យការងារដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ជាមួយនឹងកម្មកររាប់ម៉ឺននាក់ បានប៉ះទង្គិចជាមួយនគរបាលដោយទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាជិតបីដងដល់ចំនួន ២៣.០០០តាកា ស្មើនឹងប្រហែល ២០៨ ដុល្លារអាមេរិក ហើយរោងចក្រជាច្រើននៅក្នុងប្រទេសនេះត្រូវបានខូចខាតដោយសារការប៉ះទង្គិចនោះ។
គណៈកម្មាការដែលចាត់តាំងដោយរដ្ឋាភិបាល បានដំឡើងប្រាក់ឈ្នួលក្នុងវិស័យនេះចំនួន ៥៦,២៥ភាគរយ កាលពីថ្ងៃអង្គារ ដល់ចំនួន ១២.៥០០តាកា ពោលគឺប្រហែលនឹង ១១៣ដុល្លារអាមេរិក ប៉ុន្តែក្រុមកម្មករកាត់ដេរទាំងនោះបានច្រានចោលការដំឡើងប្រាក់ឈ្នួលនេះ។ ចាប់តាំងពីការផ្តល់ប្រាក់ឈ្នួលនេះមក ការតវ៉ារបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងដោយមានរោងចក្រយ៉ាងហោចណាស់ ៧០ទីតាំង ត្រូវបានរងផលប៉ះពាល់។
នគរបាលបាននិយាយថា កម្មករជាង ១០.០០០នាក់ បានចាកចេញពីការងាររបស់ពួកគេ នៅពេលដែលរោងចក្រយ៉ាងហោចណាស់ចំនួន ៩កន្លែង ត្រូវបានបិទរយៈពេលមួយថ្ងៃនៅក្នុងសង្កាត់ មឺពួរ (Mirpur) ភាគខាងជើងនៃទីក្រុងដាកា កាលពីព្រឹកថ្ងៃអាទិត្យ ជុំវិញការតវ៉ានោះផងដែរ៕

