ភ្នំពេញ៖ លោក ឧកញ៉ា ណាង សុធី តំណាងក្រុមការងារអង្គការវិជ្ជាជីវៈ បានសម្តែងក្តីរំពឹងថា ក្រោយយុវជនកម្ពុជាចំនួន ១លាន៥សែននាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ, បច្ចេកទេស, និងវិជ្ជាជីវៈដែលបានផ្តួចផ្តើមដោយរាជរដ្ឋាភិបាលនោះ នឹងធ្វើឲ្យកម្លាំងពលកម្មនៅកម្ពុជាកាន់តែល្អប្រសើរជាងមុន ។
ក្នុងឱកាសចូលរួមបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះ រាជាណាចក្រកម្ពុជា លោក ឧកញ៉ា ណាង សុធី បានលើកឡើងថា វិស័យឯកជន ប្រកាសចូលរួម និងគាំទ្រនូវគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ស្អែកនេះ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ជូន យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនេះ តាមការគ្រោងទុករាជរដ្ឋាភិបាលបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការអនុវត្តកម្មវិធីវិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន ៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់សម្រាប់យុវជន យុវនារីកម្ពុជានាពេលខាងមុខ។
ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលជំនាញនេះ លោកឧកញ៉ា ណាង សុធី បានលើកឡើងទៀតថា វិស័យឯកជន គាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកលក្ខខណ្ឌ និងបរិយាកាសការងារ ឲ្យកាន់តែប្រសើរហើយ ក្នុងនាមផ្នែកឯកជន ពិតមានមោទនភាព ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយខាងលើនេះ ដែលជាជំហានទីមួយ គឺតាមរយៈការចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់នេះ៕អត្ថបទបាន ចក់

