កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ បាននិយាយថា ការវាយប្រហារដោយកាំភ្លើងចេញពីប្រភពមិនស្គាល់អត្តសញ្ញាណមួយ បានត្រូវចំសមាជិកម្នាក់នៃកងកម្លាំងរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបន្ថែមថា កងរក្សាសន្តិភាព កំពុងស្ថិតក្នុងស្ថានភាពមានស្ថិរភាព។

សេចក្តីថ្លែងការណ៍របស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) មិនបានបង្ហាញពីថាតើឧបទ្ទវហេតុនេះ ត្រូវបានភ្ជាប់ទៅនឹងការបាញ់ប្រហារតគ្នា ដែលនៅកំពុងបន្ត នៅតាមព្រំដែនលីបង់ ដែលភាគច្រើនរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានបង្កឲ្យមានសង្រ្គាមផ្ទុះឡើង។

អ្នកនាំពាក្យកងកម្លាំង លោក Andrea Tenenti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រយប់មិញ ក្រុមអ្នករក្សាសន្តិភាព នៅក្នុងទីតាំងឈរជើងរបស់ UNIFIL នៅជិត ភូមិ Al-Qawzah បានរាយការណ៍ថា ខ្លួនបានឮការបាញ់ប្រហារ នៅក្បែរនោះ»។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«អ្នករក្សាសន្តិភាពម្នាក់ បានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយបានទទួលការវះកាត់។ របួសរបស់ខ្លួន កំពុងជាសះស្បើយបណ្តើរៗ ហើយបច្ចុប្បន្នមានស្ថិរភាព ដោយបន្ថែមថា ប្រភពដើមនៃការបាញ់នោះ មិនត្រូវបានដឹងទេ ហើយកម្លាំងបានបើកការស៊ើបអង្កេត។