មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៊ី ថាជាអ្នកចូលរួមពេញលេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងសប្តាហ៍នេះ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទោះបីជាខ្លួនខិតខំប្រឹងប្រែងដើម្បីដាក់ទីក្រុងម៉ូស្គូ ឱ្យនៅឯកោជុំវិញការលុកលុយលើអ៊ុយក្រែន ក៏ដោយ។

ដោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជារឿងនយោបាយដែលមិននឹកស្មានដល់នោះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក អាឡិចស៊ី អូវើឈុក (Alexei Overchuk) នឹងតំណាងឱ្យប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក ម៉ាត់ ម៉ួរ៉ាយ (Matt Murray) មន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចប្រជុំកំពូល APEC បានប្រាប់សារព័ត៌មាន AFP ថា «លោកឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ត្រូវបានចាត់ទុកជាប្រធានគណៈប្រតិភូ ហើយលោកនឹងមានឱកាសចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍សប្តាហ៍នេះ»។
លោក អូវើឈុក ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់លោកខាងលិច រួមទាំងពីសហភាពអ៊ឺរ៉ុប ប៉ុន្តែមិនស្ថិតនៅក្រោមទណ្ឌកម្មជាក់លាក់របស់សហរដ្ឋអាមេរិក ដូចទៅនឹងបណ្ដាមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់រុស្ស៊ីនោះទេ។
បណ្ដាមេដឹកនាំពិភពលោកជាច្រើន រួមមានគូបដិបក្ខដ៏ញឹកញាប់របស់សហរដ្ឋអាមេរិក ម្នាក់ទៀតគឺប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងជួបប្រជុំគ្នានៅថ្ងៃពុធ (១៥ វិច្ឆិកា) ខាងមុខនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។
ក្រសួងការបរទេសអាមេរិក កាលពីខែមុនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនស្វាគមន៍លោកពូទីន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នោះទេដែលនាំឱ្យរុស្ស៊ី ឆ្លើយតបថាវាអាស្រ័យលើសមាជិក APEC នីមួយៗប៉ុណ្ណោះក្នុងការកំណត់តំណាងរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចប្រជុំនោះ៕