កំពង់ស្ពឺ ៖ សមត្ថកិច្ចចំរុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។
ប្រភពព័ត៌មានបន្ថែមថា ក្រោយសួរនាំសាក្សីមួយចំនួននៅកន្លែងកើតហេតុ សមត្ថកិច្ចបានដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើត និងមានការបាញ់បោះសេរីជាបន្តបន្ទាប់។
ប្រភពបន្ថែមថា សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


