ភ្នំពេញ ៖ ក្រុមពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាអ្នករត់ម៉ូតូកង់បី (Pass App) អ្នកដឹកជញ្ជួន អាជីវករ សន្តិសុខ និងកម្មករចំនួន ៦៣ នាក់ ភាគច្រើនជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានប្រកាសចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ហើយបានប្តេជ្ញាចូលរួម និងគាំទ្ររដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ពិធីប្រកាសចូលជាសមាជិកថ្មីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ហួត លាតពិសិទ្ធ អភិបាលរងនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក ងិន សារ៉ាន តំណាងរដ្ឋបាលសង្កាត់អូឡាំពិក និងលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គម និងបណ្តាលតំណាងក្រុមយុវជនសង្គមស៊ីវិលនានា។
ក្នុងឱកានោះក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍រួមគ្មា ប្តេជ្ញាគាំទ្រ ចូលរួមជាមួយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
លោក ហេង សំណាង ប្រធានក្រុមយុវជន នៃបណ្តុំអង្គការសង្គមស៊ីវិល បានឱ្យដឹងថាសមាជិកថ្មីដែលទើប ប្រកាសញ្ចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ៦៣ រូបនេះ ភាគច្រើនជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ជាមួយសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារនាពេលកន្លងមក។
លោកបញ្ជាក់ថា តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ពួកគាត់បានប្តេជ្ញា គាំទ្រ ចូលរួមរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ពិសេសក្នុងវិស័យអទិភាពនានា ក្រោមដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការរក្សាបាននូវសិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ជាតិ និងអភិវឌ្ឍពិតប្រាកដ។
ក្នុងឱកាសនោះក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សមាគ អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមរួមគ្នា និងបញ្ឍប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានផ្ដល់ប្រយោជន៍ដល់សង្គម ជាតិ៕ ដោយ ៖ ដារា








