
អ្នកគាំទ្រស្តាំនិយមរាប់ម៉ឺននាក់ កាលពីថ្ងៃសៅរ៍ បានស្រែកបន្ទរពាក្យស្លោកប្រឆាំងសហភាពអឺរ៉ុប ចំពេលមានទង់ជាតិប៉ូឡូញពណ៌ក្រហម និងសយ៉ាងច្រើន នៅពេលជួបជុំញគ្នា ប្រារព្ធពិធីបុណ្យឯករាជ្យ។
សាលាក្រុង បាននិយាយថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនៅទីក្រុងវ៉ាសូវី បានទាក់ទាញមនុស្ស ៤០.000 នាក់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ បានប៉ាន់ស្មានថា មានមនុស្ស ៩០.000នាក់ ចេញមកចូលរួម រយៈពេលតិចជាងមួយខែ បន្ទាប់ពីក្រុមប្រឆាំងដែលគាំទ្រសហភាពអឺរ៉ុប បានឈ្នះការបោះឆ្នោតនីតិបញ្ញត្តិ។
បដា និងផ្ទាំងប្រកាសជាច្រើន បានអំពាវនាវឲ្យប៉ូឡូញចាកចេញ «Polexit» បន្ទាប់ពីការចាកចេញ (Brexit)របស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ចាប់ពីខែមករា ឆ្នាំ ២០២០។
លោក Marcin Kowalski មេដឹកនាំយុវជនប៉ូឡូញទាំងអស់ បាននិយាយថា៖«ប្រសិនបើមានការផ្លាស់ប្តូរថ្មី នៅក្នុងសន្ធិសញ្ញាអឺរ៉ុប ប្រទេសប៉ូឡូញ ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីចាកចេញពីសហភាពអឺរ៉ុប»។
លោក Kowalski បានចោទប្រកាន់ថា ការផ្លាស់ប្តូរនាពេលអនាគតចំពោះសន្ធិសញ្ញា នឹងផ្លាស់ប្តូរប្លុកនេះទៅជា «សមូហភាពសហព័ន្ធនិយមអឺរ៉ុប» ដែលដឹកនាំដោយគណៈកម្មការអឺរ៉ុប។
គណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច ដែលបានគាំទ្រការប្រមូលផ្តុំនេះ កាលពីឆ្នាំមុន បានរៀបចំការប្រារព្ធពិធីបុណ្យឯករាជ្យរបស់ខ្លួននៅឆ្នាំនេះ នៅមុនថ្ងៃនៃកាលបរិច្ឆេទផ្លូវការ។