
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយកាលពីថ្ងៃសុក្រ (១០ វិច្ឆិកា) ថា ប្រទេសកាណាដាមិនចង់ «ឈ្លោះគ្នា» ជាមួយឥណ្ឌានោះទេ ស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានការបែកបាក់ បន្ទាប់ពីការអះអាងរបស់ទីក្រុងអូតាវ៉ា ថាភ្នាក់ងារឥណ្ឌា អាចជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក និងជាជនជាតិកាណាដា មកពីរដ្ឋ ភុនចាប (Punjab) របស់ឥណ្ឌា។
ការរើសអើងគ្នាទៅវិញទៅមកចាប់តាំងពីការចោទប្រកាន់ ដែលឥណ្ឌាបដិសេធយ៉ាងដាច់អហង្ការនោះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង ដោយជិតមួយសតវត្សមកហើយ ជាមួយនឹងការធ្លាក់ចុះនៃទំនាក់ទំនងយ៉ាងទូលំទូលាយដោយសារជនភៀសខ្លួនសាសនាស៊ីករូបនោះ បានក្លាយទៅជាការចងចាំដ៏អាក្រក់បំផុតរបស់ភាគីទាំងពីរ។
ទាំងទីក្រុង ញ៉ូវ ដេលី និងទីក្រុង អូតាវ៉ា ហាក់បីដូចជាមិនចាត់វិធានការធំដុំណាមួយដើម្បីផ្សះផ្សារទំនាក់ទំនងក្នុងពេលឆាប់ៗនេះទេ នៅពេលដែលការស៊ើបអង្កេតឃាតកម្មរបស់ប្រទេសកាណាដា កំពុងដំណើរការ ហើយនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ត្រៀមរៀបចំសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឥណ្ឌា នៅខែឧសភា ខាងមុខនេះ។
កាណាដា បានបណ្ដេញប្រមុខស៊ើបការណ៍ចារកម្មសម្ងាត់របស់ឥណ្ឌា ចេញពីទីក្រុងអូតាវ៉ា។ ប្រទេសឥណ្ឌា បានឆ្លើយតបយ៉ាងរហ័សដោយបញ្ឈប់ទិដ្ឋាការចំនួន ១៣ប្រភេទសម្រាប់ជនជាតិកាណាដា និងកាត់វត្តមានការទូតរបស់កាណាដា នៅក្នុងប្រទេសឥណ្ឌា ជាទង្វើមួយដែលទីក្រុង អូតាវ៉ា បាននិយាយថាបានរំលោភលើអនុសញ្ញាក្រុងវីយែន៕