
កម្រិតនៃការបង្កកខ្វក់ក្នុងបរិយាកាសបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការបាញ់កាំជ្រួចភ្ញីច្រើនហួសពេក នៅទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីការប្រារព្ធពិធីបុណ្យ Diwali នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា)។
ការបាញ់ផាវត្រូវបានហាមឃាត់នៅក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ហើយមានការប្រកាសពីការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះការបំពានណាមួយ ប៉ុន្តែមនុស្សជាច្រើនបានបំពានច្បាប់នោះ នៅថ្ងៃប្រារព្ធពិធីបុណ្យ Diwali ដោយសំឡេងផូងផាង បានបន្លឺឡើង តាំងពីព្រលឹមស្រាងៗនៅព្រឹកថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា បើយោងតាមក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា ទីក្រុងញូវដេលីមានសន្ទស្សន៍គុណភាពខ្យល់ (AQI) កម្រិត៤២០ ដោយដាក់កម្រិតខ្យល់នេះជាប្រភេទ «បង្កគ្រោះថ្នាក់»។
សន្ទស្សន៍គុណភាពខ្យល់ (AQI) កម្រិតពី ៤០០-៥០០ ប៉ះពាល់ដល់មនុស្សមានសុខភាពល្អ និងមានគ្រោះថ្នាក់ដល់អ្នក ដែលមានជំងឺស្រាប់ ខណៈដែលកម្រិត ១៥០-២០០ មិនអំណោយផលដល់អ្នកដែលមានជំងឺហឺត សួត និងបេះដូង។ ហើយកម្រិត ដែលត្រូវបានចាត់ទុកថា ល្អសម្រាប់សុខភាពមនុស្ស គឺចន្លោះ ០ ទៅ៥០៕