ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៤២៦នាក់បន្ថែមទៀតបានឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៧៦០នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ៣៨០នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈករណីឆ្លង ៤៦នាក់ទៀត គឺជាករណីនាំចូល។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប បានកើនឡើងដល់ ៣០០នាក់ហើយគិតត្រឹមថ្ងៃនេះ ក្នុងនោះរាប់បញ្ចូលទាំងតួលេខអ្នកស្លាប់ថ្មី ១១នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៣៦ ៦៦៦នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០កន្លងមក។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩សរុប ២៩ ៨០៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៧៦០នាក់ ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕
