
បេក្ខជនប្រជែងតំណេងប្រធានាធិបតីអាហ្សង់ទីន បានជជែកដេញដោលគ្នា កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) នៅក្នុងការប្រឈមមុខគ្នាដ៏ក្ដៅគគុកមួយតាមកញ្ចក់ទូរទស្សន៍ ពោលគឺនៅមុនការបោះឆ្នោតថ្ងៃទី១៩ ខែវិច្ឆិកា ដែលបណ្ដាអ្នកស្ទង់មតិមានការប្រុងប្រយ័ត្នក្នុងការទស្សន៍ទាយពីលទ្ធផលណាមួយ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសអាហ្សង់ទីន ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់សម្រាប់ប្រជាជនទាំងអស់នោះ មានបេក្ខជន ២រូបប្រជែងគ្នា ដោយលោក Javier Milei ជាសេដ្ឋវិទូសេរីនិយម ដែលស្នើឲ្យចាយប្រាក់ដុល្លារអាមេរិក និងកាត់បន្ថយការចំណាយរបស់រដ្ឋ ត្រូវប្រឈមជាមួយបេក្ខជនទ្រឹស្ដីពែកសូនិសនិយម លោក Sergio Massa ដែលបានគ្រប់គ្រងគោលនយោបាយអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរូបលោកកំពុងត្រូវបានស្តីបន្ទោស ចំពោះការធ្វើឲ្យមានអតិផរណា ៣ខ្ទង់ និងការធ្លាក់ចុះសេដ្ឋកិច្ច ដែលកំពុងជិតកើតឡើង។
ក្នុងកម្មវិធីជជែកដេញដោលនោះ គូប្រជែងតំណែងប្រធានាធិបតីទាំង២ បានចោទប្រកាន់ និងចោទសួរគ្នាទៅវិញទៅមក ដោយបង្ហាញពីសំណើ និងទស្សនៈផ្ទុយគ្នារបស់ខ្លួន ជុំវិញប្រធានបទនានា ដែលរួមមានសេដ្ឋកិច្ច កិច្ចការបរទេស សន្តិសុខ និងសិទ្ធិមនុស្ស។
សំឡេងពីការស្ទង់មតិចុងក្រោយបង្អស់ បង្ហាញថា លោក Milei មានប្រៀបបន្តិចលើលោក Massa ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកស្ទង់មតិ ដែលសារព័ត៌មាន Reuters និយាយជាមួយ បានប្រាប់ថា វាជាការប្រកួតប្រជែង «បើកចំហ» ហើយថា បេក្ខជនទាំង២ អាចមានជ័យជម្នះដូចគ្នា។ អ្នកឈ្នះនឹងចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូ ខណៈដែលអ្នកវិភាគនិយាយថា នៅពេលនោះអតិផរណា អាចឡើងដល់ ១៨០ភាគរយ៕