
DP World Australia ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេមួយរបស់ប្រទេសនេះ នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) បានឲ្យដឹងថា ប្រតិបត្តិការត្រូវបានចាប់ផ្ដើមឡើងវិញហើយនៅគ្រប់កន្លែងទាំងអស់ បន្ទាប់ពីមានឧបទ្ទវហេតុសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានបង្ខំឲ្យមានការផ្អាកប្រតិបត្តិការរយៈពេល ៣ថ្ងៃ។
ការវាយប្រហារនេះបានធ្វើឲ្យខូចប្រតិបត្តិការនៅក្រុមហ៊ុនដែលក្ដោបក្ដាប់ប្រហែល ៤០ភាគរយនៃទំនិញដែលហូរចូល និងចេញពីប្រទេសអូស្ត្រាលី ដោយធ្វើឲ្យប៉ះពាល់ដល់ផែកុងតឺន័ររបស់ខ្លួន នៅទីក្រុង Melbourne ទីក្រុង Sydney ទីក្រុង Brisbane និងទីក្រុង Fremantle របស់អូស្ត្រាលីភាគខាងលិច។
ក្រុមហ៊ុន DP World រំពឹងថា នឹងដឹកជញ្ជូនកុងតឺន័រចំនួនប្រហែល ៥.០០០ ពីផែអូស្ត្រាលីទាំង៤ ពេញមួយថ្ងៃ ទោះបីជាការស៊ើបអង្កេត និងការឆ្លើយតបដែលកំពុងបន្តមាន ដើម្បីការពារបណ្តាញរបស់ខ្លួន អាចបណ្តាលឲ្យមានការរំខានជាបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះក៏ដោយ។
បន្ទាប់ពីបានប្រទះឃើញការបំពាន កាលពីថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) ក្រុមហ៊ុន DP World បានដាច់អ៊ីនធឺណិត ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការដឹកទំនិញ។ ប្រទេសអូស្ត្រាលីបានជួបប្រទះនឹងការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ចាប់តាំងពីចុងឆ្នាំមុន ដែលជំរុញឲ្យរដ្ឋាភិបាលក្នុងខែកុម្ភៈធ្វើកំណែទម្រង់ច្បាប់ និងបង្កើតទីភ្នាក់ងារមួយ ដើម្បីជួយសម្របសម្រួលការឆ្លើយតបទៅនឹងការលួចចូលវាយលុកប្រព័ន្ធអ៊ីនធឺណិត៕