
ភ្នំពេញ ៖បន្ទាប់ពីនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ បានដាក់ចេញនៅវិធានការ និងគោលនយោបាយមុតស្រួចគន្លឹះជាច្រើនដើម្បីជួយទ្រទ្រង់ដល់ដំណើរការអាជីវកម្មរបស់វិស័យឯក តំណាងវិស័យឯកជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន និងអាណត្តិថ្មីនេះតែងតែយកចិត្តទុកដាក់ និងគិតគូរដល់ទុក្ខលំបាកនៃដំណើរការអាជីវកម្មរបស់វិស័យឯកជនទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។
តាមរយៈការការយកចិត្តទុកដាក់ និងការដាក់ចេញនូវវិធនការគន្លឹះជាច្រើននាព្រឹកនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្ហាញក្ដីត្រេកអរ និងអរគុណដល់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានបន្តយកចិត្តទុកដាក់ពីទុកលំបាក់ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសដំណើការអាជីវកម្មរបស់វិស័យឯកជននៅកម្ពុជា។
រីឯលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក CEO Master Club និងជាប្រធានផែនសហគ្រិនវ័យក្មេង នៃរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈ វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវដំណោះស្រាយគន្លឹះជាច្រើនដើម្បីជួយគាំទ្រដល់វិស័យឯកជននៅកម្ពុជា។
សូមជម្រាបថា តាមរយៈ វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា៕
អត្ថបទ៖ វ៉ន ដារ៉ា



